បើយើងមើលទៅលើវិស័យគ្រឿង Hardware គឺក្រុមហ៊ុន Facebook បានចាប់ផ្ដើមពង្រើកខ្លួន ដល់ទីផ្សារនោះរួចមកហើយ ជាមួយនឹងអេក្រង់ឆ្លាតវៃហៅថា Portal និងវ៉ែនតាជាប្រភេទ VR ក្រោមម៉ាក Oculus ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ទោះបីជាយ៉ាងណាក្ដី ឧបករណ៍ទាំងអស់នោះ សុទ្ធតែពឹងផ្អែកនៅលើ Android ដើម្បីអាចឲ្យពួកវាដំណើរការបាន ដូច្នេះហើយទើបនាពេលបច្ចុប្បន្ននេះ Facebook មានគម្រោងចង់ធ្វើការផ្លាស់ប្ដូរ ទៅប្រើប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនវិញ។

របាយការណ៍ថ្មីមួយនេះ ត្រូវបានចេញមកពីសារព័ត៌មាន The Information ដោយបានបញ្ជាក់ប្រាប់ថា Facebook កំពុងតែសិក្សាលើប្រព័ន្ធប្រតិបត្តិការថ្មី របស់ខ្លួនឯងផ្ទាល់តែម្ដង ដើម្បីទុកសម្រាប់ប្រើប្រាស់ជំនួសឲ្យ Android នៅពេលអនាគតខាងមុខ។ ដោយសារតែវាកំពុងស្ថិតនៅ ដំណាក់កាលអភិវឌ្ឍន៍នៅឡើយ ដូច្នេះហើយវាមិនទាន់មាន ឈ្មោះហៅជាផ្លូវការនោះទេ ក៏ដូចជារូបរាងរបស់ផ្ទៃ UI ផងដែរ។ ប្រភពដដែលបាននិយាយថា ប្រធានដឹកនាំម្នាក់លើគម្រោងនេះ គឺលោក Mark Lucovsky ក៏ធ្លាប់ជាអតីតបុគ្គលិកប្រចាំក្រុមហ៊ុន Microsoft ព្រមទាំងជាអ្នករួមជំនួយ លើការកសាងប្រព័ន្ធប្រតិបត្តិការ Windows NT ថែមទៀតផង។

លើសពីនេះទៅទៀត របាយការណ៍មួយបានលើកឡើងថា Facebook កំពុងតែសង្ឃឹមនឹងអាចធ្វើបានដូចជា Apple អញ្ចឹងដែរ ដោយបំពាក់គ្រឿង Hardware តែខ្លួនឯងផង និងប្រើប្រព័ន្ធប្រតិបត្តិការខ្លួនឯងទៀត រួមមានដូចជា ផលិតបន្ទះឈីបខ្លួនឯង ជាមួយជំនួសការឌីជីថល Voice Assistant ថ្មីជាដើម។ កាលពីឆ្នាំ 2013 កន្លងទៅនេះ Facebook ក៏ធ្លាប់ចាប់ដៃគូជាមួយ HTC ដើម្បីផលិតស្មាតហ្វូនផ្ទាល់ខ្លួនដែរ ប៉ុន្ដែគួរឲ្យសោកស្ដាយ វាមិនបានជោគជ័យ ដូចការរំពឹងទុកនោះទេ ដូច្នេះហើយសង្ឃឹមថា នៅពេលមានប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន នឹងអាចល្អប្រសើរជាងមុនបាន។

បើយោងទៅតាមរបាយការណ៍ទាំងនេះ មើលទៅក្រុមហ៊ុន Facebook ហាក់បីដូចជាមានមហិច្ឆតាខ្ពស់ លើការបង្កើតប្រព័ន្ធប្រតិបតិ្តការផ្ទាល់ខ្លួននេះ ក៏ប៉ុន្ដែបន្ទាប់ពីបណ្ដាញសង្គម Facebook តែងតែជួបប្រទះបញ្ហាលេចធ្លាយទិន្នន័យ របស់អ្នកប្រើប្រាស់ ជាច្រើនដងពីមុនៗមក គឺពិតជាធ្វើឲ្យមនុស្សពិបាកទុកចិត្តលើ OS ថ្មីមួយនោះ ជាក់ជាមិនខានឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here