នៅក្នុងឆ្នាំនេះ ស្មាតហ្វូនកំពូលជាច្រើន បានបង្ហាញខ្លួន ជាមួយលក្ខណៈសម្បត្តិ កាន់តែប្រសើរជាងមុន មិនថាទៅលើផ្នែក កាមេរ៉ា ឬមួយក៏ជាកម្លាំងម៉ាស៊ីននោះទេ។ កាន់តែពិសេសនោះ ពួកគេក៏បានព្យាយាម ប្រកួតប្រជែងលើទីផ្សារថែមមួយផ្នែកទៀត តាមរយៈការធ្វើឲ្យ ស្មាតហ្វូនដែលដាក់លក់នោះ មានកម្រិត Refresh Rate អេក្រង់កាន់តែខ្ពស់ ហើយនេះក៏ជាចំណុចមួយ ដែលអ្នកគាំទ្រជាច្រើន មានការពេញចិត្ត ជាពិសេសអ្នកនិយមលេងហ្គេមតែម្ដង។ អញ្ចឹងហើយ តើ Refresh Rate ជាអ្វី ហេតុអ្វីក្រុមហ៊ុនជាច្រើន យកវាមកបន្ថែមលើសមត្ថភាព ស្មាតហ្វូនរបស់ខ្លួន?

មិនខុសទេ Refresh Rate គឺជាចំនួនដងដែលអេក្រង់នោះអាចធ្វើការ Refresh ម្ដងទៀត គិតក្នុងរយៈពេលមួយវិនាទី ឬអាចនិយាយបានថា គឺជាចំនួនដងដែលអេក្រង់ បានបានគូរចេញជារូបភាពថ្មីបន្តទៀត គិតក្នុងរយៈពេលមួយវិនាទី ហើយខ្នាតរបស់វា ត្រូវបានគេគិតជា Hertz (Hz) ផងដែរ។ ឧទាហរណ៍ថា បើសិនជាស្មាតហ្វូនរបស់អ្នក មានកម្រិត Refresh Rate 60Hz នោះមានន័យថា អេក្រង់របស់វា មានសមត្ថភាព អាចធ្វើការ Refresh បាន 60 ដងក្នុងរយៈពេលមួយវិនាទី ឬអាចនិយាយបានថា ក្នុងរយៈពេល 1 វិនាទី វាគូរបង្ហាញរូបភាព ឬទិន្នន័យថ្មីបាន 60 ដង ដូច្នេះហើយ នេះជាកម្រិតល្អមួយ ដែលអ្នកប្រើប្រាស់ មិនចាប់អារម្មណ៍ថា វាមានលក្ខណៈយឺតនោះទេ បើសិនជាអ្នក មិនទាន់បានប្រើស្មាតហ្វូនណា ដែលមានកម្រិត Refresh Rate ខ្ពស់ជាងនេះ។ យ៉ាងណាក៏ដោយ នៅក្នុងពេលបច្ចុប្បន្ននេះ មានស្មាតហ្វូនមួយចំនួន បានប្រើប្រាស់ ដល់អេក្រង់ 90Hz និងខ្លះទៀតដល់ 120Hz ទៀតផង ដូច្នេះរាល់ការបង្ហាញរូបភាពនានា គឺមានលក្ខណៈរលូន រហ័ស ព្រមទាំងច្បាស់ល្អ និងមានលក្ខណៈព្រាលតិចបំផុត នៅក្នុងរូបភាព ដែលមានចលនាលឿនៗ ជាក់ស្ដែង ដូចជាលេងហ្គេមជាដើម។

និយាយរួមមកវិញ Refresh Rate គឺជាចំនួនដង ដែលអេក្រង់មានសមត្ថភាព ក្នុងការបង្ហាញទិន្នន័យរូបភាពថ្មីមួយទៀត ក្នុងរយៈពេលមួយវិនាទី ដូច្នេះបើសិនជា ស្មាតហ្វូនមាន Refresh Rate ដល់ 90Hz ឬ 120Hz មានន័យថា វាមានសមត្ថភាព អាច Refresh បង្ហាញរូបភាពថ្មី បាន 90 ឬ 120 ដង ក្នុងរយៈពេលមួយវិនាទី ហេតុនេះហើយ គ្រប់ចលនា នៃវីដេអូ ឬមួយក៏ហ្គេមនោះ វាសឹងតែអាចបង្ហាញបាន គ្រប់ចំណុចយ៉ាងរលូនទាំងអស់តែម្ដង។ បើសិនជាអ្នក ប្រើប្រាស់កម្រិត Refresh Rate ត្រឹម 60Hz វិញ ប្រាកដណាស់ថា បើសិនជាមើល នៅក្នុងវីដេអូ ឬហ្គេមណា ដែលបានធ្វើឡើង ដោយមានកម្រិត Refresh Rate ខ្ពស់ជាងនេះ នោះការបង្ហាញរបស់វា នៅលើអេក្រង់ នឹងមានលក្ខណៈព្រាល ព្រោះថាវាមិនអាច Refresh ទាន់អ្វី ដែលវីដេអូ ឬហ្គេមនោះត្រូវការឡើយ។

អញ្ចឹងហើយ សង្ឃឹមថា អត្ថបទនេះ នឹងធ្វើប្រិយមិត្តទាំងអស់ លែងមានចម្ងល់ទៅលើ កម្រិត Refresh Rate របស់អេក្រង់តទៅទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចដឹងបន្ថែមទៀតថា មុខងារនេះ វាមានសារៈសំខាន់បែបណា សម្រាប់ស្មាតហ្វូន ហើយនេះមូលហេតុ ដែលក្រុមហ៊ុនស្មាតហ្វូនជាច្រើន បានគិតគូរជាមួយ ជាពិសេសនោះ គឺសម្រាប់ស្មាតហ្វូនហ្គេមតែម្ដង ព្រោះថា បើ Refresh Rate ខ្ពស់ ដូច្នេះវាអាចបង្ហាញបាន រាល់ចលនាទាំងអស់ របស់ហ្គេមនោះតែម្ដង ហេតុនេះ គឺគ្មានចំណុចណាមួយ ដែលមានលក្ខណៈព្រាល ឬមួយក៏ទាក់ៗនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here