ថៃ៖ មនុស្សមួយចំនួនប្រហែលជាគិតថា មិនអាចទៅរួចនោះទេក្នុងការក្លាយជាមិត្តភក្ដិជាមួយនឹងអតីតមិត្តប្រុសឬមិត្តស្រី ប៉ុន្ដែសម្រាប់កូនក្រមុំថៃម្នាក់ ថែមទាំងអញ្ជើញអតីតមិត្តប្រុស ចូលរួមថ្ងៃរៀបការរបស់នាងទៀតផង។

នាង Tunchanok Boonkacha ឈ្មោះហៅក្រៅ Sine បានរៀបការកាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅនេះ ហើយបានថតរូបជាមួយនឹងភ្ញៀវពិសេសរបស់នាងបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងរូបថតនោះ បានបង្ហាញឲ្យឃើញថា នាង Sine កំពុងឈរថតជាមួយនឹងអតីតមិត្តប្រុសចំនួន៣នាក់ ដោយទឹកមុខសប្បាយសើចក្អាកក្អាយ ចំណែកឯស្វាមីវិញ បែរជាញញឹមមុខស្ងួតទៅវិញ។ នៅក្នុងរូបមួយទៀត នាងបានឱបអតីតមិត្តប្រុសរបស់នាងម្នាក់ ខណៈពេលស្វាមីកំពុងធ្វើមុខចងចិញ្ចើម និងងាកចេញ។

បន្ទាប់ពីថ្ងៃរៀបការបញ្ចប់រួចមក នាង Sine បានបង្ហោះសារមួយទៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់នាង ប្រាប់អំពីមូលហេតុដែលនាងអញ្ជើញអតីតមិត្តប្រុស គឺព្រោះតែពួកគេនៅតែអាចថែរក្សាមិត្តភាពជាមិត្តល្អនឹងគ្នា បើទោះបីជាស្នេហារបស់ពួកគេបានបែកបាក់ក៏ដោយ។ មុននឹងសម្រេចចិត្តអញ្ជើញ នាងបានពិភាក្សាជាមួយនឹងស្វាមី ហើយស្វាមីក៏បានអនុញ្ញាត។ ចំណែកឯស្វាមីរបស់នាង ក៏បានអញ្ជើញអតីតមិត្តស្រីដែរ ប៉ុន្ដែនាងនៅក្រៅប្រទេស ទើបមិនអាចចូលរួមបាន។

នាង Sine បានបញ្ជាក់ទៀតថា ចំពោះទឹកមុខស្វាមីរបស់នាងនៅក្នុងរូបថត គឺគ្រាន់តែជាការសម្ដែងលេងសើចប៉ុណ្ណោះ។

ក្រោយពីរឿងរ៉ាវខាងលើនេះមានភាពល្បីល្បាញរួចមក មានមហាជនមួយចំនួនអស់សំណើច និងមួយចំនួនទៀតគិតថា វាអាចនឹងប៉ះពាល់ទៅដល់អារម្មណ៍របស់កូនកំលោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here