កាលពីលើកមុន យើងបានដឹងពត៌មាន មួយចំនួនទាក់ទងជាមួយ ឈីបជំនាន់ថ្មីរបស់ Qualcomm ខ្លះៗហើយ តាមរយៈដំណឹងបែកធ្លាយ ហើយការលេចធ្លាយទាំងនោះ បានបញ្ជាក់ថា ឈីបនេះនឹងភ្ជាប់មកជាមួយ 5G ថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះវិញ Qualcomm បានបញ្ជាក់ប្រាប់ហើយថា ឈីបកំពូលជំនាន់ថ្មីរបស់ខ្លួន នឹងក្លាយជា Snapdragon 865 ពិតមែន ប៉ុន្តែវានៅតែប្រើប្រាស់ម៉ូដឹម 5G ផ្សេងដដែល ពោលគឺ 5G មិនត្រូវបានដាក់មកស្រាប់ នៅក្នុងឈីបមួយនេះឡើយ។

មិនខុសទេ បើតាមការបង្ហាញរបស់ Qualcomm បានឲ្យដឹងថា ឈីបថ្មីដែលនឹងត្រូវប្រកាសបង្ហាញនេះ គឺមិនមែនមានតែ Snapdragon 865 មួយនោះទេ ជាក់ស្ដែងគឺមាន Snapdragon 765 មួយទៀត ដែលវានឹងក្លាយជាឈីប ដោយមានភ្ជាប់មកជាមួយ 5G ស្រាប់តែម្ដង និយាយឲ្យចំទៅ មិនមែនផ្សេងគ្នាដូច 865 នេះទេ។ គួរបញ្ជាក់ដែរថា Snapdragon 865 គឺមិនខុសគ្នាពី 855 នោះទេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G ព្រោះថាវាត្រូវការម៉ូដឹម 5G ផ្សេងមួយទៀត ទើបអាចដំណើការជាមួយ សេវាអ៊ីនធើណេតនេះបាន ហើយការធ្វើបែបនេះដែរ វាអាចនឹងត្រូវការថាមពលច្រើនជាង ឈីបដែលមាន 5G មកស្រាប់ ជាពិសេសនោះ វាក៏អាចមានតម្លៃថ្លៃជាងផងដែរ ព្រោះថាបើសិនជាក្រុមហ៊ុនផ្សេងៗ ចង់បង្កើតស្មាតហ្វូន 5G ដោយប្រើប្រាស់ឈីប Snapdragon 865 នោះពួកគេចាំបាច់ត្រូវទិញ ម៉ូដឹម 5G មួយទៀតរបស់ Qualcomm ដែលនឹងដាក់លក់ជាកញ្ចប់ ជាមួយឈីបខាងលើនេះតែម្ដង នោះគឺ Snapdragon X55 នេះឯង។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបង្ហាញត្រួសៗ ពីសំណាក់ Qualcomm តែប៉ុណ្ណោះ ហើយសម្រាប់ពត៌មានលម្អិត របស់ឈីបខាងលើនេះវិញ ក្រុមហ៊ុនអាមេរិក នឹងបង្ហាញនៅថ្ងៃស្អែក ហើយកាន់តែពិសេសនោះ Qualcomm អាចនឹងមានការប្រកាសប្រាប់ ពីស្មាតហ្វូនមួយចំនួន ដែលនឹងប្រើប្រាស់ឈីប Snapdragon 865 របស់ខ្លួននេះទៀតផង។ និយាយរួមមកវិញ ដូចបានបញ្ជាក់ពីខាងដើមអញ្ចឹងថា នៅក្នុងការប្រកាសរបស់ ក្រុមហ៊ុនខាងលើនេះ គឺមិនមែនមានតែ Snapdragon 865 មួយនោះទេ ជាក់ស្ដែងនៅមាន Snapdragon 765 មួយទៀត ដែលជាឈីបត្រូវបាន បំពាក់ជាមួយ 5G ស្រាប់ ព្រមទាំងជាឈីប ដែលតម្រូវលើទីផ្សារស្មាតហ្វូន មានតម្លៃសមរម្យ ឬអាចហៅបានថា សម្រាប់ប្រើប្រាស់លើស្មាតហ្វូន លំដាប់បង្គួរអញ្ចឹងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here